Wednesday, January 9, 2013

ធ្វើ​ម៉េច​ទើប​​រៀន​​​សរសេរ​កូដ​ឆាប់​ចេះ?

និស្សិត​​ដែល​កំពុង​តែ​សិក្សា​ផ្នែក​ ព័ត៌មាន​វិទ្យា​មួយ​ចំនួន​គិត​ថា ការ​ចាប់​យក​ជំនាញ​សរសេរ​កូដ​បង្កើត​កម្មវិធី​កុំព្យូទ័រ ឬ​ក៏​បង្កើត​គេហទំព័រ Static និង Dynamic ផ្សេងៗ​នោះ គឺ​ពិបាក​រៀន​ជាង​ជំនាញ​បណ្ដាញ​កុំព្យូទ័រ (Computer Networking) ។ ថ្ងៃ​​នេះ​​ គេហទំព័រ Sabay សូម​លើក​យក​វិធីសាស្ត្រ​មួយ​ចំនួន ដើម្បី​ជា​ជំនួយ​ដល់​ការ​រៀប​ចំ​ខ្លួន​ដល់​និស្សិត​ IT ដែល​កំពុង​តែ​ស្ទាក់​ស្ទើរ​នឹង​ការ​រៀន​សរសេរ​កូដ។
​១.ព្យាយាម​មើល​ Example Code ដ៏​ទៃ​ទៀត
ការ ​អាន​អត្ថបទ​ផ្សេងៗ​នៅ​លើ​ទំព័រ​អ៊ីនធឺណិត​គឺ​សំដៅ​លើ​ការ​អាន​អក្សរ ប៉ុន្តែ​សម្រាប់​អ្នក​រៀន​សរសេរ​កូដ ​គឺ​ចាំ​បាច់​ត្រូវ​ផ្ដោត​លើ​កូដ​ដែល​បាន​សរសេរ​ក្នុង​ឧទាហរណ៍​នោះ។ ព្យាយាម​ស្វែង​យល់​ពី​ឧទាហរណ៍​ទាំង​នោះ ថា​តើ​គេ​សរសេរ​វា​ដើម្បី​ធ្វើ​អ្វី ហើយ​លទ្ធផល​របស់​វា​នោះ នឹង​ចេញ​ជា​លទ្ធផល​បែប​ណា។ កូដ​ក្នុង​ឧទាហរណ៍​ទាំង​អស់​នោះ មិន​ប្រាកដ​ថា​វា​ដំណើរ​ការ ១០០% នោះ​ទេ។
២. កុំ​គ្រាន់​តែ​អាន​ឧទាហរណ៍​ទាំង​នោះ ត្រូវ​សាក​អនុវត្ត​វា
ពេល ​ខ្លះ​យើង​មើល​សៀវភៅ​ ឬ​ក៏​ Tutorial ផ្សេង​ៗ​ យើង​អាច​កាត់​ន័យ​យល់​ថា យើង​យល់​ពី​អ្វី​ដែល​គេ​លើក​យក​មក​បង្ហាញ ប៉ុន្តែ​យើង​អាច​នឹង​ភ្លេច​ប្រសិន​បើ​យើង​មិន​បាន​សាកល្បង​អនុវត្ត​វា។ ដូច្នេះ​កុំ​ភ្លេច​ សាក​ល្បង​សរសេរ​តាម​គេ ហើយ​​កុំ​ចម្លង​កូដ​ទាំង​នោះ​ហើយ​យក​ទៅ Compile (Copy ហើយ Paste )។​ យើង​នឹង​ទទួល​បាន​ចំណេះ​ដឹង​ពី Syntax កាន់តែ​ច្បាស់​ជាង​មុន​ប្រសិន​បើ​យើង​សម្រេច​ចិត្ត​​សរសេរ​កូដ​ទាំង​នោះ​សារ ​ជា​ថ្មី។
ប្រសិន​បើ​កូដ​ទាំង​នោះ​ ដំណើរ​ការ​ល្អ​ហើយ កុំ​ភ្លេច​សាក​ល្បង​បង្កើត​​វិធីសាស្ត្រ​សរសេរ​កូដ​មួយ​បែប​​ថ្មី​ទៀត ប៉ុន្តែ​អាច​បង្ហាញ​លទ្ធផល​ដូច​ឧទាហរណ៍​របស់​គេ។
៣.រៀន​បង្កើត​កម្មវិធី​តូច ដោយ​រក​នឹក​សរសេរ​កូដ​ដោយ​ខ្លួន​ឯង
បន្ទាប់ ​ពី​បាន​អនុវត្ត និង​យល់​ពី Syntax នៃ​ការ​សរសេរ​កូដ​បាន​មួយ​ចំនួន​ហើយ​នោះ ប្រិយមិត្ត​អាច​ព្យាយាម​រក​នឹក​សរសេរ​កូន​កម្មវិធី​តូច​ៗ ដោយ​ខ្លួន​ឯង​ ដោយ​មិន​ចាំបាច់​មើល​កូដ​របស់​គេ។ បង្កើត​កម្មវិធី​ដោយ​ខ្លួន​ឯង ប្រិយមិត្ត​នឹង​បាន​ជួប​បញ្ហា​ចម្ងល់​ផ្សេងៗ​ទាក់​ទង​នឹង​ដំណើរ​ការ​កូដ​ របស់​អ្នក ដូច្នេះ​ព្យាយាម​សាក​សួរ​ពី​សាស្ត្រាចារ្យ ឬ​ក៏​ស្វែង​រក​ដំណោះ​ស្រាយ​តាម​រយៈ​អ៊ីនធឺណិត។ ពេល​ដែល​អ្នក​រក​ដំណោះ​ស្រាយ​ឃើញ ហើយ​ដឹង​ថា​កូដ​របស់​ខ្លួន​ខុស​កន្លែង​ណា​ហើយ​នោះ អ្នក​ប្រាកដ​ជា​រីក​ចម្រើន​មិន​ខាន។
C Programming ជា​ភាសា​សរសេរកូដដែលអ្នករៀន IT ជួបមុនគេ
៤.រៀន​ប្រើ Debugger
តាម ​រយៈ​ការ​ប្រើប្រាស់ Debugger Tool អ្នក​នឹង​បាន​ដឹង​ពី​ដំណើរ​ការ​គ្រប់​បន្ទាត់​នៃ​កូដ ​ដែល​យើង​បាន​សរសេរ​បន្ថែម​ទៀត​ ថា​វា​រត់​ពី​ណា​ទៅ​ណា ហើយ​វា​ឆ្លង​កាត់​​តាម​លក្ខខណ្ឌ និង Loop ត្រឹម​ត្រូវ​ដែរ​ ឬ​ក៏​អត់។ យល់​ពី​ដំណើរ​ការ​នៃ​កូដ​កាន់​តែ​ច្បាស់ យើង​អាច​នឹង​រក​ចំណុច​ Error នៃ​កូដ​របស់​យើង បាន​កាន់​តែ​លឿន។
​​៥. ព្យាយាម​រក​ប្រភព​នៃ​កូដ​ឲ្យ​កាន់​តែ​ទូលំទូលាយ
ព្យាយាម ​ស្វែង​រក​ប្រភព​នៃ​កូដ​តាម​អ៊ីនធឺណិត ឬ​ក៏​សៀវភៅ​ផ្សេងៗ ហើយ​ព្យាយាម​ស្វែង​យល់​ពី​ប្រភព​នៃ​កូដ​ទាំង​នោះ។ មិន​យល់​កន្លែង​ណា កុំ​ខ្មាស​គេ​ឲ្យ​សោះ ! ដើរ​សួរ​គេ ហើយ​ឲ្យ​គេ​ពន្យល់​ឲ្យ​បាន​ច្បាស់​។ គេហទំព័រ​មួយ​ចំនួន​​អាច​ឲ្យ​យើង​ចូល​ទៅ​សាក​សួរ និង​ស្វែង​រក​ដំណោះ​ស្រាយ ពី​ចំណុច​ណា​មួយ​ដែល​យើង​មិន​យល់។ ក្រៅ​ពី​នេះ​ អ្នក​អាច​សាក​សួរ​ពី​លោក​គ្រូ​អ្នក​គ្រូ​ជំនាញ​ Programming ឬ​​ក៏ Programmer ផ្សេងៗ​ដែល​មាន​បទ​ពិសោធន៍​ជោគ​ជាំ​លើ​ការ​សរសេរ​កូដ។
សួរ ​អ្នក​មាន​ជំនាញ និង​ចេះ​​ច្បាស់​ អ្នក​នឹង​ទទួល​បាន​ការ​ពន្យល់​ដ៏​ល្អ​មួយ​។​ ដូច្នេះ​បើ​មិន​យល់​កន្លែង​ណា​នោះ សូម​កុំ​លាក់​ទុក។ ស្រប​តាម​បច្ចេកវិទ្យា​បច្ចុប្បន្ន​នេះ វិធី​ទំនាក់ទំនង​គ្នា​​រវាង​ Programmer និង Programmer មាន​ច្រើន​ណាស់។
អ្នក ​ខ្លះ​ស្រលាញ់​មុខ​វិជ្ជា​សរសេរ​កូដ ប៉ុន្តែ​នៅ​ពេល​ដែល​ចូល​ដល់​មេរៀន​ជ្រៅ​ទៅ​ៗ បែរ​ជា​​បែក​គំនិត​ចង់​បោះបង់​ចោល​ជំនាញ​នេះ​ទៅ​វិញ។ ចំណុច​សំខាន់​លើ​បញ្ហា​នេះ អ្នក​សិក្សា​ផ្នែក​ programming ទាំង​អស់ គួរ​តែ​ស្វែង​យល់​ពី​មូលដ្ឋាន​គ្រឹះ​នៃ​ការ​សរសេរ​កូដ​ជា​មុន​សិន ចាំ​ឈាន​ទៅ​រក​ការ​បង្កើត​កម្មវិធី​កុំព្យូទ័រ​តាម​គំនិត​របស់​ខ្លួន។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ​ខាង​លើ​នេះ គ្រាន់​តែ​ជា​ការ​ផ្ដល់​យោបល់​មួយ​ចំនួន​​តែ​ប៉ុណ្ណោះ ហើយ​អ្វី​ដែល​ Programmer ចាំបាច់​ត្រូវ​ដឹង​មុន​គេ​នោះ គឺ​មូលដ្ឋាន​គ្រឹះ​នៃ​ការ​សរសេរ​កូដ ( Basic Syntax , condition , loop និង Algorithm ) បន្ទាប់​មក​អនុវត្ត​ហើយ​អនុវត្ត​ទៀត៕ ប្រភព៖ cprogramming

No comments:

Post a Comment