១- ការមកដល់យឺត
ពេលត្រូវទៅសម្ភាសន៍វាមិនដូចគ្នានឹងការទៅជប់លៀងនោះឡើយ
ព្រោះបើទៅយឺតក៏គ្មានអ្នកណាគេថាអីដែរ
តែពេលវេលាទៅសម្ភាសន៍វាជារឿងមួយដោយឡែកខុសពីការទៅជប់លៀង
និងព្យាយាមទៅឲ្យបានមុនប្រហែលជា ១០ទៅ ១៥នាទី មុនពេលម៉ោងកំណត់
ពេលមកដល់ភ្លាមត្រូវចូលទៅប្រាប់អ្នកទទួលភ្ញៀវ (Receptionist) ភ្លាម។
ការមកដល់បានមុនបន្តិចអាចឲ្យយើងបានស្វែងយល់ពីកន្លែងដែលត្រូវមកសម្ភាសន៍
ព្រោះវាជាទីដែលយើងមិនធ្លាប់បានស្គាល់ ម្យ៉ាងទៀតនោះ
វាអាចឲ្យយើងរៀបចំខ្លួន ដើម្បីសម្របតាមបរិស្ថាននៅទីនោះ
និងបានត្រៀមខ្លួនសម្រាប់សម្ភាសន៍បានខ្លះ។
បើសំណាងល្អនៅក្នុងបន្ទប់រង់ចាំ អាចមានទស្សនាវដ្តី
ឬកាសែតទុកសម្រាប់ឲ្យយើងអាន
ដើម្បីសម្រួលអារម្មណ៍ភ័យព្រួយរបស់យើងឲ្យថមថយ
និងមានឱកាសបានរៀបរយឥរិយាបថស្រមតាមទីកន្លែងរបស់គេ។
២- ឥរិយាបថរម្យទម
ការធ្វើឫកពាររម្យទម សុភាពរាបសារ នោះគឺជារឿងមួយល្អហើយ
តែជួនកាលវាមិនបានជួយយើងឲ្យបានការងារធ្វើនោះទេ
ការសម្ភាសន៍ឯណោះទើបជារឿងសំខាន់។ ការរៀបឥរិយាបថឲ្យបានសមរម្យ
ធ្វើឫកពារមាំមួន
និងរៀបឫកពាយើងឲ្យត្រូវតាមការងារដែលយើងបានដាក់ពាក្យសុំ។
ជួនកាលអ្នកធ្វើសម្ភាសន៍អាចផ្តោតសំនួររបស់គេទៅរឿងអ្វីផ្សេងផងក៏មាន
ជាងនេះទៅទៀតគេអាចយល់ថា
យើងសមរម្យល្មមសម្រាប់ការងារទាំងនោះរួចជាស្រេចផងក៏ថាបាន
តែមិនត្រូវបង្ហាញឥរិយាបថមួយទន់ភ្លន់ពេកនោះឡើយ ទាំងការនិយាយ និងឫកពា
គឺត្រូវតែរឹងប៉ឹង មាំមួន ច្បាស់លាស់ និងនិយាយច្បាស់ៗ។
៣- រន្ថើនក្នុងចិត្ត ចង់ឲ្យការសម្ភាសន៍ចប់ឆាប់
ត្រូវដឹងថា មានតែមួយចំនួនតូចនៃអ្នកដាក់ពាក្យប៉ុណ្ណោះ
ដែលបានត្រូវជ្រើសឲ្យចូលមកសម្ភាសន៍ ដូច្នេះយើងគឺជាម្នាក់នៅក្នុងនោះ
ដែលត្រូវបានគេជ្រើសរើសឲ្យមកសម្ភាសន៍
ដូចនេះមិនត្រូវធ្វើអាកប្បកិរិយាអន្ទះសារពេលកំពុងសម្ភាសន៍នោះឡើយ។
ព្រោះការសម្ភាសន៍អាចប្រើពេលរហូតដល់មួយម៉ោងក៏មាន ព្យាយាមកុំមើលម៉ោង
ឬសួរថា ការសម្ភាសន៍នឹងចប់នៅពេលណា ធ្វើចិត្តឲ្យនឹង ផ្តោតអារម្មណ៍ទៅលើសំនួរ
និងព្យាយាមឆ្លើយចំពោះអ្វីដែលគេសួរមិនឲ្យលើស តែក៏មិនឲ្យខ្វះ។
បើយើងធ្វើអាកប្បកិរិយាដូចជាចង់ឲ្យការសម្ភាសន៍នោះចប់ឆាប់
សំណារបស់យើងសម្រាប់ការងារនោះ អាចរលាយរលត់ទៅបានដែរ
ព្រោះអ្នកសម្ភាសន៍អាចយល់បានពីអារម្មណ៍របស់យើងនាពេលនោះ។
៤- មិនត្រូវសួរពីការឧបត្ថមនានាពេលសម្ភាសន៍
ដូចគ្នាពេលយើងជួបជាមួយស្រីម្នាក់មិនត្រូវសួរពីអាយុរបស់គេទេ
វាជាការពុំគួរគប្បីឡើយ។ វានឹងជារឿងមួយអាក្រក់បំផុត
បើយើងហាមាត់សួរពីប្រាក់ខែ ឬការឧបត្ថមនានាពីក្រុមហ៊ុន
សំនួរទាំងនេះគួរត្រូវបានទុកសិន រហូតគេប្រាប់យើងថា
យើងបានទទួលការងារនោះហើយ ទើបជាពេលវេលាដែលយើងត្រូវសួរសំនួរនេះ។
កាលើកយកសំនយរពីចំនួនប្រាក់ខែ និងការឧបត្ថមរបស់ក្រុមហ៊ុន
ចូលមកក្នុងពេលសម្ភាសន៍ ធ្វើឲ្យអ្នកសួរយើង (អ្នកសម្ភាសន៍) គាត់យល់បានថា
យើងចាប់អារម្មណ៍ចំពោះការងារនេះតិចតួចប៉ុណ្ណោះ
តែមើលឃើញពីប្រយោជន៍របស់ខ្លួនធំជាងការគិតដល់ការងាររបស់ក្រុមហ៊ុន។
៥- ស្វែងយល់ពីក្រុមហ៊ុន និងម្ចាស់ក្រុមហ៊ុន
មុនពេលដាក់ពាក្យចូលធ្វើការក្នុងក្រុមហ៊ុនណាមួយ
យើងគួរស្វែងយល់ពីក្រុមហ៊ុននេះឲ្យបានច្រើនបន្តិចសិន
នេះគឺបូករួមទាំងម្ចាស់របស់ក្រុមហ៊ុននោះផងដែរ។
ព្រោះក្រុមហ៊ុនខ្លះអាចមិនសូវល្អ ល្អឈ្មោះខាងក្រៅ
តែមិនល្អចំពោះបរិស្ថានការងារ អាចមានអត្រានៃអ្នកចាកចេញពីការងារច្រើន
ឬបុគ្គលិកទីនោះធ្វើការមិនបានយូរ ដោយសារហេតុផលណាមួយ។
វាជារឿងមួយដែលគួរតែដឹង ដើម្បីប្រយោជន៍ទាំងអស់គ្នា។
៦- កុំនិយាយច្រើនពេក
បើនិយាយឲ្យត្រង់ទៅ ការសម្ភាសន៍ចូលធ្វើការ គឺមិនមែនស្តីពីយើងនោះទេ
តែគឺជាបញ្ហារបស់ក្រុមហ៊ុន
ដែលត្រូវការមនុស្សសម្រាប់បំពេញកន្លែងដែលត្រូវការ
ដោយការចាកចេញរបស់បុគ្គលិកមុន ឬជាការពង្រីកបន្ថែមចំនួនបុគ្គលិកថ្មី
យើងមកសម្ភាសន៍ គឺមកក្នុងគោលបំណងមួយមកដើម្បីសុំធ្វើការ
ដូច្នេះលក្ខណៈសម្បត្តិរបស់យើងអាចមានខ្លះរួចទៅហើយ
ទើបគេឲ្យយើងមកសម្ភាសន៍។
ព្យាយាមបិទមាត់នៅស្ងៀមរហូតដល់ពេលគេសួរ
ចៀសវៀងឆ្លើយកាត់ពេលគេកំពុងសួរត្រូវរង់ចាំរហូតគេបញ្ចប់សំនួរសម្រាប់សួរយើងសិន
បើពុំនោះទេ យើងច្បាស់ជាប្រទាក់សំដីជាមួយអ្នកសួរមិនខាន។
មិនត្រូវឆ្លើយមុនសំនួរត្រូវបានបញ្ចប់ជាដាច់ខាត នៅស្ងៀមរង់ចាំបន្តិចសិន
យ៉ាងហោចណាស់ក៏ពីរ បីដង្ហើមដែរ មុនពេលឆ្លើយត្រឡប់ចំពោះសំនួរដែលគេសួរ។
ផ្ទៀងស្តាប់សំនួរឲ្យបានច្បាស់មុនពេលឆ្លើយ
មិនត្រូវយករឿងផ្ទាល់ខ្លួនមកបូកជាមួយចម្លើយ
ឬបូកបន្ថែមចម្លើយដែលចាកពីសំនួរ
តែគួរក្សាភាពច្បាស់លាស់សំរាប់ចម្លើយដែលឆ្លើយតបវិញ។
៧- កុំធ្វើខ្លួនថា ជាមនុស្សគ្រាន់បើពេក
គ្រប់គ្នាទាំងអស់រមែងចង់បង្ហាញឲ្យអ្នកសម្ភាសន៍យល់ថា
ខ្លួនមានសមត្ថភាពអាចធ្វើការនោះបាន
ឬព្យាយាមធ្វើឲ្យអ្នកសម្ភាសន៍ចាប់អារម្មណ៍
តែវាគួរត្រូវបានធ្វើដោយសមល្មមកុំឲ្យហួរសហេតុពេក។
ត្រូវបង្ហាញការគោរពចំពោះអ្នកសម្ភាសន៍ជានិច្ច
ព្រោះអ្នកសម្ភាសន៍អាចជាម្ចាស់ក្រុមហ៊ុន ឬអ្នកតំណាង
នឹងយ៉ាងហោចណាស់ក៏ជាមនុស្សម្នាក់សំខាន់នៅក្នុងក្រុមហ៊ុននោះដែរ។
ការសើចក្អាកក្អាយ គួរតែចៀសវៀ
តែការផ្ទៀងស្តាប់និងចង់ដឹងពីការងាររបស់ក្រុមហ៊ុន អាចជាចំណុចល្អ។
ព្យាយាមបង្ហាញពីចំណូលចំណង់ចិត្តចំពោះការងារនោះជាជាងរៀបរាប់ពីអ្វីដែលយើងអាចធ្វើបាន
�អំនួត� សូមចៀសវៀងឲ្យបានចំណុចនេះ។
៨- សូមកុំនិយាយអាក្រក់ពីចៅហ្វាយនាយមុន
គ្មានក្រុមហ៊ុនណាមួយមានបំណងជួលមនុស្សមាត់ដាចមកធ្វើការនោះឡើយ។
ហេតុនេះចូរគិតមុនឲ្យហើយសិនថា អ្វីទៅដែលយើងត្រូវឆ្លើយ
បើសិនជាត្រូវសួរថា តើចៅហ្វាយនាយរបស់យើងមុនជាមនុស្សរបៀបណា
និងមូលហេតុដែលយើងចាកចេញពីក្រុមហ៊ុននោះ។
ការនិយាយអាក្រក់ពីក្រុមហ៊ុនមុន ឬពីចៅហ្វាយនាយមុនមកប្រាប់ក្រុមហ៊ុននេះ
ឬចៅហ្វាយថ្មីនេះ ធ្វើឲ្យគេយល់បានថា យើងគឺជាមនុស្សដែលពិបាកធ្វើការជាមួយ
ដូច្នេះអ្នករួមការងារជាមួយយើងក៏ពិបាករួមការងារជាមួយយើងដែរ។ អាចថា
ការចាកចេញរបស់យើងពីក្រុមហ៊ុនមុន
បណ្តាលមកពីយើងមិនចុះសម្រុងជាមួយបុគ្គលិកនៅទីនោះ
ឬយើងតែងនិយាយអាក្រក់ពីក្រុមហ៊ុនផងក៏ថាបាន។
ឯករណីមួយទៀតនោះ អាចថា
យើងនេះជាបុគ្គលិកត្រូវក្រុមហ៊ុនមុនបញ្ឈប់ពីការងារ
ឬយើងមានទំនាស់ជាមួយក្រុមហ៊ុនមុន ទើបបានជាយើងចាកចេញ។
ការនិយាយអាក្រក់ពីចៅហ្វាយមុន ឬក្រុមហ៊ុនមុន
យើងនឹងត្រូវគេដកចេញពីការចង់បានរបស់ក្រុមហ៊ុនថ្មីរួចស្រេចទៅហើយ។
ទោះបីយើងមានប្រវត្តិការងារនៅក្នុងក្រុមហ៊ុនមុនយ៉ាងណាក៏ដោយចុះ
តែត្រូវយកបញ្ហាផ្ទាល់ខ្លួនមកជំនួសវិញ ឬហេតុផលណាមួយដែលមិនប៉ះពាល់
តែមិនមែនដោយសារឈឺ ឬលែងលះគ្នា ឬចាកចេញពីឪពុកម្តាយនោះឡើយ។
៩- និយាយកុហក
នៅក្នុងសម័យ Digital នាពេលសព្វថ្ងៃ វាជារឿងមួយលំបាកណាស់
សំរាប់ការនិយាយកុហកទាំងក្នុង Resume និងការឆ្លើយដោយផ្ទាល់មាត់។
ព្យាយាមនិយាយដោយត្រង់ៗប្រសើរជាងការនិយាយភូតកុហក
ព្រោះគេអាចយល់បានចំពោះចម្លើយដែលយើងឆ្លើយ ឬការកុហកសរសេរដាក់នៅក្នុង
Resume។
សូមចាំថា ការនិយាយកុហកពេលសម្ភាសន៍ គឺជាការល្មើសចំពោះខ្លួនឯង
និងចំពោះអ្នកដទៃ និងត្រូវបានគេសន្មត់ថា ជាមនុស្សមិនត្រង់។
១០- សម្លៀកបំពាក់នាពេលសម្ភាសន៍
សម្លៀកបំពាក់ពេលទៅសម្ភាសន៍ គឺជារឿងមួយសំខាន់ណាស់ដែរ
ទោះបីជាវាមិនមានពិន្ទុខ្ពស់ក៏ដោយ តែវាបានបង្ហាញពីអ្វីដែលជាយើង
បង្ហាញនូវសម្លៀកបំពាក់មួយដែលមានភាពថ្លៃថ្នូរ
ទោះបីវាមិនមែនជាស្ទីលពិតរបស់យើងក៏ដោយ។
ជួនកាលសម្លៀកបំពាក់ដែលយើងបានស្លៀកទៅសម្ភាសន៍នោះ ត្រូវបានគេចាត់ទុកថា
យើងជាមនុស្សមានបុគ្គលិកលក្ខណៈមួយល្អ អាចឲ្យគេទទួលយកបានផងក៏មាន។
ដូច្នេះ ចូរកុំមើលស្រាលចំពោះរឿងនេះឲ្យសោះ ហើយត្រូវគិតថា
សម្លៀកបំពាក់គឺជាស្រោមខាងក្រៅរបស់យើង
ល្អឬអាក្រក់ក៏គង់អាស្រ័យទៅលើស្រោមខាងក្រៅនេះខ្លះដែរ៕
No comments:
Post a Comment