Wednesday, July 25, 2012

​ការសិក្សា​និង​ទីផ្សារការងារ​

ដើម្បី​មានជីវិត​រស់នៅ​បាន​ក្នុងសង្គម មនុស្ស​យើង​ត្រូវ​រៀនសូត្រ​ឲ្យ​ចេះអក្សរ​ រហូត​បញ្ចប់​ការសិក្សា​លើ​ផ្នែក​មុខវិជ្ជា​អ្វីមួយ បើសិន​អ្នក​នោះឯង​មានលទ្ធភាព​បង់ថ្លៃ​សាលា​, ត្រង់នេះ​វា​គឺជា​បំណងប្រាថ្នា​របស់​មនុស្ស​ភាគច្រើន ព្រោះ​បើ​មានចំណេះ​វា​ងាយ​ឲ្យ​គេ​រក​ការងារ​ធ្វើ ថែមទាំង​អាច​រកប្រាក់​បាន​ច្រើនជាង​អ្នក​ដែលធ្វើ​ការពឹង​ដោយ​កម្លាំង​ពលកម្ម ព្រោះ​មិនបាន​រៀនសូត្រ​យកចំណេះ​អ្វីមួយ​ជា​គោល ឬ មិនមាន​លទ្ធភាព​សោះតែ​ម្តង តែ​ជួនកាល​គឺ​បណ្តាលមកពី​កត្តា​បុគ្គល​ខ្លួនឯង​ផងក៏មាន​។ ត្រូវគិតថា ការទៅរៀនគឺដើម្បីយកចំណេះមករកការងារ ឬ រកប្រាក់ចិញ្ចឹមជីវិត មិនមែនរៀនដើម្បីធ្វើធំ ធ្វើថីនោះទេ ការគិតបែបនេះគឺវាមាននៅក្នុងយុគសម័យមួយដែលបានកន្លងផុតទៅហើយ។
សព្វថ្ងៃនេះយើងទាំងអស់គ្នាកំពុងរស់ក្នុងសង្គមមួយដែលមានការប្រកួតប្រជែងច្រើន មិនដូចកាលពីសម័យសង្គមរាស្រ្តនិយមប្រឡងជាប់ជាគ្រូបង្រៀនម្នាក់ មានគេត្រៀមកូនក្រមុំទុកឲ្យនោះទេ ហើយក៏មិនដូចសម័យសាធារណរដ្ឋមានលីសង់កំប្លេ គេលើកកូនឲ្យនោះក៏ទេដែរ។
បញ្ហារកការងារមិនបានធ្វើនេះគឺមាននៅគ្រប់ប្រទេស សូម្បីក្នុងប្រទេសមួយមានការអភិវឌ្ឍន៍រួចហើយក្តីក៏នៅមានបញ្ហានេះដែរ។
​ ​​សព្វថ្ងៃនេះ​និស្សិត​ដែល​បានបញ្ចប់​ការសិក្សា​មួយចំនួន ​នៅ​មិនទាន់មាន​ការងារ​ធ្វើ​នៅឡើយ​ទេ ទោះបី​បាន​រៀន​ចប់​មានចំណេះ​ក្នុង​ខ្លួន​ហើយក៏​ដោយ​ក្តី​, បញ្ហា​នេះ​វា​មិនមែនជា​រឿង​មួយ​ពិបាកពេក​នោះទេ តែ​អាច​អាស្រ័យ​លើ​ការសម្រេចចិត្ត​របស់​សាមីខ្លួន​នោះ​ច្រើនជាង​។​
​ ​ដើម្បី​ឲ្យ​ងាយ​យល់បាន​គេ​គួរ​ពិចារណា​ទៅលើ​ហេតុផល​ខ្លះៗ​ដែលជា​កត្តា​ចម្បង​គេ​ក្នុង​បញ្ហា​នេះ :
​ ​-​យើងទាំងអស់គ្នា​កំពុងស្ថិត​នៅក្នុង​ប្រទេស​មួយ​ដែល​កំពុងអភិវឌ្ឍន៍ ​ដូច្នេះ​មូលដ្ឋាន​នៃ​ការងារ​មិនទាន់មាន​គ្រប់គ្រាន់​សម្រាប់​ទាំងអស់គ្នា​ នៅឡើយ​ទេ​។ យើង​នៅ​មិនទាន់មាន​សហគ្រាស​ធំៗ យើង​នៅ​មិនទាន់មាន​រោងចក្រ​បែប​ឧស្សាហកម្ម យើង​នៅ​មិនទាន់មាន​សហគ្រាស​បែប​ការិយាល័យ ដូច្នេះ​កង្វះ​មូលដ្ឋាន​នៃ​ការងារ​ដែល​អាច​បឺត​ស្រូបយក​អ្នកមាន​ចំណេះ អ្នក​ដែល​បានបញ្ចប់​ការសិក្សា​នៅ​មិនទាន់មាន​ទេ ត្រង់​នេះហើយ​អាច​យល់បាន ​និង​ បានឃើញ​ផ្ទាល់​ភ្នែក​ស្រាប់​ហើយ​។ ការងារ​មួយចំនួន​នៅក្នុង​ទីក្រុង​ភ្នំពេញ​ក្តី នៅតាម​ទី​រួម​ខេត្ត​ក្តី អាច​ផ្តល់​ការងារ​ឲ្យ​អ្នកត្រូវការ​ការងារ​ធ្វើបាន​ត្រឹម​មួយចំនួន​តូច​ ប៉ុណ្ណោះ ពីព្រោះ​ក្រុមហ៊ុន​ដែល​ត្រូវការ​បុគ្គលិក​សម្រាប់​បំពេញការងារ​ក្នុង​ ក្រុមហ៊ុន​គេ​នោះ​គឺ​គ្រាន់តែ​ជា​ក្រុមហ៊ុន​មួយ​តូចៗ​ឬ​ត្រឹម​ខ្នាត​មធ្យម​ ប៉ុណ្ណោះ ដូច្នេះ​ចំនួន​បុគ្គលិក​ដែល​គេ​ត្រូវការ​ក៏​តិច​តាម​នោះដែរ​។​
​ ​-​អ្នក​ដែល​បាន​រៀន​ចប់​មួយចំនួន​បាន​រើសអើង​ចំពោះ​ការងារ ព្រោះ​យល់ថា គេ​បាន​រៀន​ចប់​រហូត​មាន​បរិញ្ញាប​ត្រ ឬ អនុបណ្ឌិត​ឲ្យ​ទៅធ្វើ​ការ​បែប​សាមញ្ញៗ​យ៉ាងម៉េច​កើត ម្ល៉េះ​ហើយ​អ្នក​នោះឯង​ចេះតែ​បន្ត​រង់ចាំ​និង​រង់ចាំ​....​និង​រង់ចាំ​រហូត​តទៅ​ព្រោះ​ការងារ​ដែល​គេ​ចង់បាន​គ្មាន​អ្នកណា​គេ​រើស​សោះ នេះ​គឺជា​កំហុសឆ្គង​មួយ​យ៉ាង​ធំ សម្រាប់​អ្នក​ដែល​បានគិត​បែបនេះ​។​
​ ​-​ការរៀន​យកចំណេះ​តែមួយ​មុខ ចេះតែ​មួយ​មុខ ឱកាស​រក​ការងារ​បានធ្វើ​ក៏​តិច​ដែរ តែបើ​យើង​ឆ្លៀត​រៀន​ឲ្យ​បាន​ច្រើន​មុខ ច្រើនយ៉ាង​នោះ​យើង​អាចមាន​សំណាង​ច្រើន​ដើម្បី​បានការ​ងារ​ធ្វី ឬ អាចបង្កើត​ការងារ​សម្រាប់ធ្វើ​ខ្លួនឯង​ផង​ក៏មាន បើ​អាច​ចេះ​ប៉ាន់ស្មាន​ពី​សេចក្តីត្រូវការ​ក្នុងសង្គម ថា​អ្វីដែល​គេ​ត្រូវការ​ច្រើន និង អ្វីដែល​គេ​ត្រូវការ​ជា​ចាំបាច់​បំផុត​ក្នុងសង្គម​។ លាត​ក្រដាស​ស​មួយ​នៅ​ពីមុខ​ជាមួយ​បរិយាកាស​មួយ​ល្អ ខ្មៅ​ដៃ​មួយ​ដើម​រួច​អង្គុយ​, កត់​ចុះ​ថា​អ្វី​ទៅ​ដែល​គួរ​រៀន និង​ការងារ​ប្រភេទ​ណា គេ​ត្រូវការ​ច្រើន​។​
​ ​-​ភាសា​អង់គ្លេស​គឺជា​របស់​ចាំបាច់​បំផុត​សម្រាប់​សម័យ Digital នេះ, ទាំង​ការរៀនសូត្រ​ទាំង​ក្នុង​ការងារ ទាំង​សង្គម​ខាងក្រៅ​គឺ​តែងតែ​ឲ្យ​អត្ថិភាពដល់​អ្នក​ដែល​ចេះ​ភាសា​អង់គ្លេស​ច្រើនជាង​អ្នក​មិនចេះ ដូច្នេះ​ត្រូវ​ប្រឹង​បន្តិច​ឡើង និង​ឆ្លៀត​ទៅ​រៀន​យក​ភាសា​អង់គ្លេស​ជាមួយ​សាលា​ដែលមាន​គ្រូបង្ហាត់​ល្អ មានឈ្មោះ​ល្បី មាន​គេ​និយម​ទៅ​រៀន​ច្រើន​។ រៀន​ឲ្យ​ចេះ រៀន​ឲ្យ​អាច​និយាយ​កើត រៀន​ឲ្យ​អាច​សរសេរ​បាន​ត្រឹមត្រូវ​តាមក្បួន​វេយ្យាករណ៍ និង​រៀន​និយាយ​ជាមួយ​ជនបរទេស​ដើម្បី​ស្តាប់​សូរ​នៃ​ការបញ្ចេញ​សម្លេង​របស់គេ ហាត់​ស្តាប់​ប៉ុស្តិ​វិទ្យុ និង​ ទូរទស្សន៍ និយាយ​ភាសា​​អង់គ្លេស ហាត់​បញ្ចេញ​សម្លេង​តាម​ជនបរទេស និង​ហាត់សរសេរ​ជា​ឃ្លា​ជា​ប្រយោគ​។ អាន​កាសែត ទស្សនា​វ​ដ្តី​ភាសា​អង់គ្លេស រៀន​អាន​អត្ថបទ​នៅ​​លើ Website ដោយ​ការបញ្ចេញ​សម្លេង​ឲ្យ​ឮៗ ដើម្បី​ពត់​អណ្តាត​និង​ក្រអូមមាត់​យើង​ឲ្យ​ត្រូវ​តាម​ការបញ្ចេញ​សូរ​របស់​ពាក្យ​អង់គ្លេស តែ​មិនមែន​អង្គុយ​អាន​តែ​ក្នុង​ពោះ ឬ ខ្សឹបៗ​នោះទេ​។​
​ ​-​ត្រឹមតែ​ចេះ​ភាសា​អង់គ្លេស​មួយ​យ៉ាង​ស្ទាត់ជំនាញ​ទាំង​និយាយ​និង​សរសេរ យើង​មានឱកាស​រក​ការងារ​បានធ្វើ​រួចជាស្រេច​ទៅហើយ បូក​ជាមួយ​ចំណេះដឹង​ដែល​យើង​មាន​ស្រាប់ វា​នឹង​ក្លាយទៅជា​ដាវ​មួយ​យ៉ាង​មុត​សម្រាប់​កាប់បំផ្លាញ​ជញ្ជាំង​ដែល​បាន​រាំង​យើង​ពី​ការងារ​។ កុំ​រួញរា​ជាមួយ​ការងារ​ប្រាក់ខែ​ទាប យើង​អាច​មានឱកាស​ច្រើន​ទៀត​នៅ​ទីនោះ បើ​យើង​ខិតខំ​ធ្វើការ​បាន​ហ្មត់ចត់ មាន​អាកប្បកិរិយា​ល្អ មិនមាន​ឫកពារ​ឈ្លើយ រាប់​អានគ្រប់គ្នា​ជា​មិត្ត​នៅក្នុង​កន្លែងធ្វើការ ហើយចាត់ទុកថា​ការងារ​ដែល​យើង​កំពុង​ធ្វើ​គឺជា​របស់​យើង​ដែរ បើ​ធ្វើដូច្នេះបាន "​ឱកាសល្អ​មួយ​" អាច​រង់ចាំ​យើង​នៅពេល​ខាងមុខ​មិន​លែង​ឡើយ​។​
​ ​-​រៀន​មិនទាន់​ចប់​ឬ​រៀន​ចប់​ហើយ​តែ​បែរជាយក​ពេលវេលា​ទៅទាក់ទង​ស្រីៗ សម្រាប់​ធ្វើជា​សង្សារ ឬ​សម្រាប់​ការសប្បាយ​និង​បន្ត​បង្ហូរ​ធនធាន​របស់​ឪពុកម្តាយ​ឲ្យ​ខ្សោះ​ខាន​បាន​ផ្គត់ផ្គង់​ក្នុង​គ្រួសារ ឬ ផ្តល់ឱកាស​ឲ្យ​ប្អូនៗ​បាន​រៀន​ទៅ​ថ្នាក់ខ្ពស់​។ រឿង​បែបនេះ​តែង​កើតមាន​ជារឿយៗ បន្ទាប់ពី​រៀន​ចប់​គួរ​គិត​រក​ការងារ​ធ្វើ​សិន​, សង្សារ​និង​ស្រី​ស្អាត​អាច​កើត​ក្រោយពេល​មានការ​ងារ ឬ មាន​លុយ​ហើយ​។​
​ ​សូម​ទុក​រឿងនេះ​មួយអន្លើ​សិន បើ​គ្មាន​ការងារ​ធ្វើ​នៅឡើយ​ទេ កុំ​ទាន់​អាល​ទៅ​សន្យា​សង្សារ ឬ​ ស្រី​ម្នាក់​ដែល​យើង​ប៉ងប្រាថ្នា​ថា "​នឹង​រក​ការងារ​ធ្វើ ពេល​បាន​គ្នា​ជា​គូស្រករ​រួចហើយ​"​។ ការនិយាយ​បែបនេះ​គឺ​យើង​កុហក​ខ្លួនឯង​និង​កុហក​មនុស្ស​ម្នាក់ទៀត​ឲ្យ​ផ្ញើ​សេចក្តីសង្ឃឹម​ចំពោះ​យើង ធ្វើ​ឥ​ចឹ​ង​វា​បាប​បើ​គិត​តាម​ធម៌​ព្រះ "​មិនត្រូវ​ពោល​ពាក្យ​មុសា​ចំពោះ​អ្នកដទៃ​"
​ ​ការងារ​ឲ្យ​យើង​រកប្រាក់​បាន​សម្រាប់​ចាយ ​និង ​សង្សារ​ដែល​យើង​ត្រូវ​ចំណាយ​សម្រាប់​បំពេញចិត្ត​គេ តើ​មួយណា​ដែល​យើង​ត្រូវ​ជ្រើសរើស​?
​ ​-​ចាប់ផ្តើម​រក​ការងារ​ពីអ្វី​ដែល​យើង​អាចធ្វើ​បាន​ឬ​រកបាន​សិន​ទោះជា​អ្វី​ក៏ដោយ ជួនកាល​ការងារ​នោះ​ជា​អ្វីដែល​ផ្តល់​ឲ្យ​យើង​នូវ​អនាគត​នៅ​ជីវិត​ផង​ក៏មាន​។ ចូរ​កុំ​មើលស្រាល​ចំពោះ​ការងារ​សាមញ្ញៗ​នោះ​ឲ្យ​សោះ​។ ការរៀន​ជួសជុល​ម៉ូតូ ជួសជុល​រថយន្ត ម៉ាស៊ីន ត​ភ្លើង រៀន​ផ្សា រៀន​បាញ់ថ្នាំ ធ្វើ​ឲ្យ​គេ​រកប្រាក់​បាន​រហូត​ជិត 1000​ដុល្លារ​ក្នុង 1​ខែ​ក៏មាន​បើ​ធ្វើ​ដោយ​ខ្លួនឯង តែបើ​ធ្វើការ​ឲ្យ​គេ​យ៉ាងច្រើន​បាន​ត្រឹម 100 ទៅ 200​ប៉ុណ្ណោះ​ក្នុង​មួយខែ ជួនកាល​មិនបាន​ផង​។ មិនត្រូវ​ខ្លាច​ប្រឡាក់ មិនត្រូវ​គិតថា "​ថោកទាប​" មិនត្រូវ​គិត​ខ្លាច​ខ្មាសគេ​ទេ ឲ្យ​តែ​យើង​អាចរ​កវា​បាន​ក្នុង​ផ្លូវ​សុចរិត​។​ ​ ​មាន​មនុស្ស​ច្រើន​គ​គោក​កសាង​ជីវិត​ពី​កន្លែង​លាង​ម៉ូតូ​ឈានទៅ​បើក​កន្លែង​លាង​ម៉ូតូ​ដោយ​ខ្លួនឯង ស៊ីឈ្នួល​ជួសជុល​ម៉ូតូ​ឲ្យ​គេ រួច​ឈានទៅ​បើក​កន្លែង​ជួសជុល​ម៉ូតូ​ដោយ​ខ្លួនឯង​។​
​ ​"​បើ​ខ្ញុំ​មានកូន​ស្រី ខ្ញុំ​អត់​លើក​ឲ្យ​និស្សិត​ដែល​រៀន​ចប់​នោះទេ ខ្ញុំ​លើក​ឲ្យ​អ្នក​ដែលមាន​ការងារ​ធ្វើ ព្រោះ​មាន​ចំណូល​សម្រាប់​ចិញ្ចឹម​កូនស្រី​ខ្ញុំ បើ​មិន​ឥ​ចឹ​ង​ទេ ខ្ញុំ​ត្រូវ​ចំណាយលុយ​ចិញ្ចឹម​ពួកគេ​រក​ទីបំផុត​គ្មាន​ឡើយ​"​។​ ​ ​ចូរ​គិត​ត្រង់នេះ​ឲ្យ​បាន​ច្រើន​ទើប​យល់ថា​ការងារវាសំខាន់​យ៉ាងណា ហើយ​យើង​ត្រូវ​រក​ច្រក​សម្រាប់​រស់​ដោយ​វិធី​ណា​។​
​ ​-​ការរង់ចាំ​ដើម្បី​បានការ​ងារ​ល្អ​ធ្វើ វា​ជា​រឿង​ម្យ៉ាង តែបើ​សុខចិត្ត​ធ្វើការ​ងារ​ណា​ដែល​យើង​អាច​ធ្វើបាន​សិន ទោះ​លំបាក​បន្តិច​ក្តី ក៏​គង់​គ្រាន់បើ​ជាង​ការរង់ចាំ​រហូត​បានកា​រងារ​ល្អ​ធ្វើ បើ​យើង​ដាក់ចិត្ត​ដាក់​កាយ​អាចធ្វើ​អ្វី​ក៏បាន ការងារ​ប្រហែលជា​មិន​ខ្វះ​ទេ ទោះបី​ប្រទេស​របស់​យើង​កំពុងស្ថិត​ក្នុងការ​អភិវឌ្ឍ​ន៍​នៅឡើយក៏ដោយ​។​
​ ​នៅ​ប្រទេស​រីកចម្រើន គេ​មាន​ក្រុមហ៊ុន​ច្រើន​ចូលទៅ​បណ្តាក់ទុន​រកស៊ី​រួចទៅហើយ ដូច្នេះ​ប្រភព​នៃ​ការងារ​គឺមាន​រួចជាស្រេច អ្នក​ដែល​រៀន​ចប់​មិនសូវ​ជា​ភ័យព្រួយ​ច្រើន​ខ្លាច​អត់​ការងារ​ធ្វើ​ទេ ឯ​ប្រាក់ខែ​ក៏មាន​ចំនួន​ច្រើន​គួរសម​ព្រោះ​គេ​គិត​ប្រាក់​ឲ្យ​ទៅតាម​ស្ថានភាព​របស់​សង្គម​និង​តម្លៃ​ទំនិញ​ក្នុង​ទីផ្សារ​។​
​ ​សូមកុំ​រង់ចាំ​និង​កុំ​ខ្លាច​នឿយ បើ​ចង់បាន​ប្រាក់​, រៀន​ឲ្យ​ច្រើន ចេះ​ឲ្យ​បាន​ច្រើន នោះ​យើង​អាច​នឹងជម្នះ​បាន​ភាព​គ្មាន​ការងារ​ធ្វើ​ជាមិនខាន​។​
​ ​ដើរ​ដាក់​ពាក្យសុំ​ធ្វើការ​ដោយ​មិនបាន​ពិចារណា​គឺជា​ការខាតបង់​ពេលវេលាឥតអំពើ​! មាន​និស្សិត​ជាច្រើន​ធ្លាប់បាន​និយាយថា​បាន​ដើរ​ដាក់ CV ច្រើន​កន្លែង​ណាស់ ប៉ុន្តែ​មិនឃើញ​មាន​គេ​ហៅ​សោះ តើ​មកពី​ហេតុអ្វី​?
​ ​សំនួរ​នេះ​គឺ​ងាយ​ទេ​, ការយក CV ទៅ​ដាក់​ដើម្បី​សុំ​ការងារ​ធ្វើ​គឺ​អាស្រ័យទៅលើ​ការចង់បាន​របស់​ក្រុមហ៊ុន​។ បើ​ការងារ​ដែល​គេ​រើស​នោះ​មិន​ត្រូវចំ​ជំនាញ​ដែល​យើង​ចេះ​ទេនោះ​សូមកុំ​ដាក់ បើ​គេ​ឲ្យ​អទិភាពចំពោះ​ស្ត្រី​ ឯ​យើង​ជា​បុរស​ក៏​កុំ​ដាក់ ព្រោះ CV របស់​យើង​មិនត្រូវ​បាន​គេ​ពិចារណា​ទេ "​គេ​មិន​មើល​" តើ​មាន​អ្វីដែល​គេ​ត្រូវ​ហៅ​យើង​! និស្សិត​ខ្លះ​និយាយថា កន្លែង​ដែល​ខ្ញុំ​ដាក់​ត្រូវការ​មុខវិជ្ជា​ដែល​រៀន​នោះ​ហើយ ចុះ​ហេតុអ្វី​ក៏​គេ​មិន​ហៅ​ដែរ​? ត្រូវ​ដឹងថា​នៅ​ខណៈពេលដែល​គេ​បានដាក់​ប្រកាស​រើស​បុគ្គលិក អ្នកធ្វើការ​នៅក្នុង​ក្រុមហ៊ុន​នោះ​ស្រាប់ គាត់​រក​មធ្យោបាយ​នាំយក​មិត្តភក្តិ ឬ បងប្អូនរបស់គេ​មក​ឲ្យ​ដាក់ចូល​ដែរ មិនតែប៉ុណ្ណោះ​គេ​នៅបាន​សុំ​ប្រធាន​នៅក្នុង​ក្រុមហ៊ុន​នោះ​ឲ្យ​ជួយ "​សម្រួល​" ឲ្យ​ថែម​ទៀតផង​។​
​ដូច្នេះ​អ្នក​ដែលជា​មនុស្ស​ពី​ខាងក្រៅ គ្មាន​រនុកក្នុង​សម្រាប់​ជួយ​សម្រួល​មានឱកាស​តិច​ណាស់​ដើម្បី​ដណ្តើមយក​ការងារ​នោះមក​ធ្វើ​ ទោះបីជា ​យើង​មាន​ទាំង​បទពិសោធន៍ និង​មាន​អ្វីៗ​ល្អ​ជាងគេ​ក៏ដោយ​។ ឱកាស​ដែល​យើង​អាច​ទទួលបាន​ការងារ ​គឺ​ច្រើនតែ​ជាមួយ​ក្រុមហ៊ុន​ទើប​បើក​ថ្មី​ប៉ុណ្ណោះ ព្រោះ​មិនទាន់មាន​អ្នក "​សម្រួល​" នៅ​ពី​ក្រោយខ្នង​នៅឡើយ​។​
​ ​-​រក​ការងារ​តាមរយៈ​អ្នក​ស្គាល់គ្នា អាច​ផ្តល់ឱកាស​ឲ្យ​យើង​ច្រើនជាង​។ ក្រៅពីនេះ​គួរ​គិតដល់​ការរកស៊ី​ដោយ​ខ្លួនឯង​និង​ព្យាយាម​បង្កើត​របរ​មួយ​តូច​ដែល​ថ្ងៃក្រោយ​អាច​ពង្រីក​បាន ប្រើ​ដើមទុន​តិច អាចធ្វើ​នៅផ្ទះ​ខ្លួនឯងបាន ប្រើ​ពលកម្ម​តិច រួមផ្សំ​ជាមួយ​អ្វីដែល​យើង​មាន​ស្រាប់​នៅក្នុង​ដៃ​។​
​ ​ដូច​អ្វីដែល​បាន​រៀបរាប់​មកពី​ខាងដើម សូម​ពិចារណា​ទៅលើ​កត្តា​សង្គម សេចក្តីត្រូវការ ធនធាន​របស់​យើង សមត្ថភាព​ដែល​យើង​មាន និង​មាន​ផ្លូវ​ពីរ​សម្រាប់​ជ្រើស​រី​ស :
​ ​1- ធ្វើការ​ឲ្យ​គេ ដោយ​មិន​ចង់​រកស៊ី​ដោយ​ខ្លួនឯង​
​ ​2- បង្កើត​របរ​រកស៊ី​ដោយ​ខ្លួនឯង បើ​រក​ការងារ​មិនបាន​ធ្វើ​
​ ​មុន​ជ្រើស​យកមុខ​វិជ្ជា​មក​រៀន​ត្រូវ​គិតដល់​សេចក្តីត្រូវការ​របស់​ធ​ន​ធាន​មនុស្ស​នាពេលនេះ​និង​ពេលអនាគត​។ រៀន​ជំនាញ​ងាយ​រក​ការងារ​ធ្វើ​ជាង​រៀន​នៅក្នុង​សកល​វិ​ទ្យ​ល័យ រៀន​នៅក្នុង​សកល​វិទ្យាល័យ​រកបាន​ការងារ​ល្អ​ជាង បើ​យើង​មានសំណាង​ល្អ សូម​គិត​មើលចុះ​៕

No comments:

Post a Comment